អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចក្នុងបុរីពិភពថ្មី ចំការដូង១ ផ្ទះលេខ១៩ ផ្លូវលេខ០២A ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប និងរថយន្តជំនួយមកពីស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ (៥ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតបន្ទប់ឡៅតឿចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកិនកាហ្វេចំនួន ០១គ្រឿង និងសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង៥និង៤០នាទីល្ងាចនាថ្ងៃដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះទេ៕







No comments:
Post a Comment